លោក ឡុង ឌីម៉ង់ ណែនាំឱ្យមន្ត្រីរាជការ និងមន្ត្រីព័ត៌មានទូទាំងខេត្តត្រូវខិតខំក្តាប់ព័ត៌មាននិងព្រឹត្តិការណ៍ថ្មីៗនានាឱ្យបានគត់មត់គ្រប់ជ្រុងជ្រោយ
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញមានមតិក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាលាក្រុងព្រះសីហនុក្រោមអធិបតីភាពរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកខេត្តព្រះសីហនុ ដែលមានសិក្ខាកាមប្រមាណ ៩០នាក់ មកពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ មន្ត្រីមកពីមន្ទីរព័ត៌មានខេត្តកោះកុង, តាកែវ, កំពត, កែប, កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកអភិបាលរងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងព័ត៌មាន ដែលបានរៀបចំវគ្គបណ្តុះបណ្តាល និងរំលឹកដ៏មានសារៈសំខាន់នេះឡើង និងបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវក្តាប់ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគត់មត់គ្រប់ជ្រុងជ្រោយ ពោលគឺត្រូវមានឧត្តមគតិជាតិ និងមនសិកាការងារ ជាពិសេសត្រូវបំពេញកិច្ចការនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។