អភិបាលខេត្តប៉ៃលិន ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវ ប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍អះអាងថា៖ កិច្ចការនេះ គឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ដែលទាមទារឲ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនកិច្ចសហការគ្នាដើម្បីដោះស្រាយបញ្ហាខាងលើនេះឱ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជ រដ្ឋាភិបាល ស្ដីពី ការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងសេចក្ដីណែនាំនានា ដែលរាជរដ្ឋាភិបាលបានដាក់ចុះឱ្យអនុវត្តដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ជាពិសេស ត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋ ក្នុងការរាយការណ៍ និងផ្តល់តំរុយមកសមត្ថកិច្ច អំពីករណី ដែលមានការសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាព ការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយ បញ្ហា ដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់ រាជរដ្ឋាភិបាល ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន