ថ្ងៃអង្គារ ១៣-ឧសភា-២០២៥ ០៣:១១:១៥ ល្ងាច

ឯកឧត្ដម ឃួង ស្រេង អញ្ជើញចុះពិនិត្យមើលទីតាំងសាងសង់បន្ទប់ទឹកសាធារណៈ ជូនពលរដ្ឋ និងជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញ មានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាស និងមុខវត្តឧណ្ណាឡោម

ឯកឧត្ដម ឃួង ស្រេង អញ្ជើញចុះពិនិត្យមើលទីតាំងសាងសង់បន្ទប់ទឹកសាធារណៈ ជូនពលរដ្ឋ និងជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញ មានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាស និងមុខវត្តឧណ្ណាឡោម

ភ្នំពេញ៖ ផ្លូវថ្មើរជើង(Walk Street)ទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ ដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សំរាប់ផ្លូវថ្មើរជើង(Walk Street)នេះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែងមានជិត៤០បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។

 

ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី០២ ឧសភានេះ ឯកឧត្ដម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីនិងមន្ទីរជំនាញព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។

 

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ តាមការណែនាំពីលោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចខាងលើនេះចំនួន៣៧បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់ទឹកសំរាប់បុរសចំនួន២២បន្ទប់(បន្ទប់អង្គុយបត់ជើង១០បន្ទប់និងបង្គន់ឈរចំនួន១២បន្ទប់),បន្ទប់

 

ទឹកសំរាប់ស្ត្រីចំនួន១៤បន្ទប់និងបន្ទប់សំរាប់ជនពិកាចំនួន១បន្ទប់។ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ យើងបាននិងកំពុងជួសជុលឡើងវិញប្រវែង១៧២ម៉ែត្រ ជម្រាលប្រវែង២២ម៉ែត្រ។ ចំពោះគម្រោងទាំង២នេះ សំរាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ។ចំណែកបង្គន់អនាម័យនឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែក្នុងការសាងសង់។ 

 

  លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street)និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

 

  ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនោះបានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាស និងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនៅតំបន់នេះ៕

 

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ